កម្ពុជា-វៀតណាម ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងការអនុវត្តច្បាប់

ភ្នំពេញ៖ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោកជំទាវ ឡេ ធិធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការងារជនជាតិវៀតណាមនៅបរទេស និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកជំទាវ អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹកមកជួបសម្ដែងការគួរសម ក្នុងឱកាសដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។
ទន្ទឹមនេះ ឯកឧត្ដម សន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះ លោកជំទាវ អនុរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការងារជនជាតិវៀតណាមនៅបរទេស និងជឿជាក់ថា តាមរយៈបទពិសោធន៍ការងាររបស់លោកជំទាវ នឹងរួមចំណែកលើទំនាក់ទំនងកម្ពុជា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកជំទាវ ឡេ ធិធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម ហើយលោកជំទាវ អនុរដ្ឋមន្ត្រី ក៏បានផ្ញាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ភាគីទាំងពីរ ក៏បានគាំទ្រលទ្ធផលនៃជំនួបថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍ និងការអនុវត្តច្បាប់។
ក្នុងឱកាសនៃជំនួបសម្ដែងការគួរសមនេះ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ និងលោកជំទាវ ឡេ ធិធូហាំង អនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីរ សំដៅរក្សាបាននូវយន្តការទំនាក់ទំនងដ៏ល្អ ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម នៃប្រទេសទាំងពីរ។
មុននឹងបញ្ចប់ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀតបានជូនពរ លោកជំទាវ ឡេ ធិធូហាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងគណៈប្រតិភូ មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕
