សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មិនមែននៅស្ងៀមៗ បរទេសមកទិញផលិតផល ពីកម្ពុជាទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មិនមែននៅស្ងៀមៗ បរទេសមកទិញអង្ករពីប្រទេសកម្ពុជាទេ គឺកើតចេញពីខិតខំប្រឹងប្រែងស្វះស្វែងរកទីផ្សាររបស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នាថ្ងៃទី២០ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ពិតណាស់ទីផ្សារនៅខាងក្រៅយើងខិតខំចរចានៅក្នុងការបើកតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ប៉ុន្ដែកុំភ្លេចថា នៅលើពិភពលោកនេះច្រើនប្រទេសណាស់ដែលប្រកួតប្រជែងដូចគ្នា អ៊ីចឹងវាមិនស្វ័យប្រវត្តិទេ ហើយវាក៏មិនមែនជាកត្តាចៃដន្យដែលយើងអាចមានអតិរេក នៃផលិតផលកសិកម្ម ហើយអាចនាំចេញ៦លានតោន នៅក្នុងរយៈពេល១០ខែ។ មិនមែននៅស្ងៀមៗ ប្រទេសទាំងអស់ទិញផលិតផលពីកម្ពុជានោះទេ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ដើម្បីធានាដល់ការប្រកួតប្រជែងក្រសួងកសិកម្ម បានដាក់ចេញនូវកម្មវិធីនយោបាយចំនួន៣ រួមមាន៖ ទី១៖ ការលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញ, ទី២៖ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់ និងទី៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ យន្ដការទាំងបីនេះ គឺធ្វើយ៉ាងណាបង្កើននូវប្រសិទ្ធភាព និងដើម្បីធានានូវភាពប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា។
សម្ដេចថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦របស់រាជរដ្ឋាភិបាល ដែលបានប្រកាសនៅពេលនេះ គឺសំដៅពង្រឹងបន្ថែម និងសម្រួចបន្ថែមទៅលើការជួយទាញនូវសក្ដានុពលកសិកម្ម ពោលមិនត្រឹមតែមិនដើរចេញ ឬដើរចោលកសិកម្មនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលថែមទាំងដាក់គោលនយោបាយដើម្បីពង្រឹង និងទាញឲ្យបានសក្ដានុពលកាន់ខ្លាំង ធ្វើយ៉ាងណាឲ្យបានផលច្រើនទៅដល់កសិករ ៕