សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៤ ជាឆ្នាំនៃទំនាក់ទំនង ប្រជាជន និងប្រជាជនកម្ពុជា-ចិន ពិសេសមុខព្រួញសំខាន់ គឺការជំរុញទេសចរមកពីចិនឲ្យច្រើន
ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន និងប្រជាជនកម្ពុជា-ចិន ជាពិសេសមុខព្រួញសំខាន់ គឺការជំរុញទេសចរណ៍មកពីចិនឲ្យច្រើន នៅឆ្នាំ២០២៤ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «មានការពិភាក្សា និងមានការឯកភាព ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃទំនាក់ទំនង ប្រជាជន និងប្រជាជន របស់កម្ពុជា-ចិន ជាពិសេសមុខព្រួញសំខាន់ គឺការជំរុញទេសចរណ៍ឲ្យមកពីចិនឲ្យច្រើន នៅឆ្នាំ២០២៤»។
សម្ដេចធិបតី លើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាចាំបាច់ នៅក្នុងការដាក់ចេញគោលនយោបាយ ដើម្បីធ្វើយ៉ាងណាជួយសម្រួល។ សម្ដេចថា នៅក្នុងនយោបាយ ដែលដាក់ចេញនោះ នឹងរៀបចំយន្ដការ នៅក្នុងការអនុវត្ដ ដែលរៀបចំឡើងវិញ នូវក្រុមប្រឹក្សាទេសចរណ៍មួយជាបន្ទាន់ ដើម្បីជាតួអង្គរៀបចំ ចេញជាផែនការសកម្មភាព និងដឹកនាំអនុវត្ដ ក្នុងការជួយសម្រួលទាំងអស់ ៕