នាយករដ្ឋមន្ត្រី៖ ការលះបង់ចំណូលរបស់រដ្ឋ យើងមិនខ្លាចទេ ប្រសិនបើកិច្ចការងារនោះជួយសម្រួល និងគាំទ្រដល់វិស័យឯកជន ឱ្យរីកលូតលាស់
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចលុបចេញសេវាសាធារណៈចំនួន១៦ ព្រមទាំងបន្ថយតម្លៃ សេវាចំនួន៥៦ផ្សេងទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យម ជាពិសេសខាងកម្មន្តសាល ដែលនឹងធ្វើឱ្យក្រសួងនេះ បាត់បង់ចំណូលមួយចំនួន។
ក្នុងឱកាស អញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា ការលះបង់ចំណូលរបស់រដ្ឋនេះ គឺរាជរដ្ឋាភិបាលមិនខ្លាចនោះទេ ប្រសិនបើកិច្ចការងារនោះ អាចជួយសម្រួល និងគាំទ្រដល់វិស័យឯកជនឱ្យរីកលូតលាស់ទៅមុខថែមទៀត។
សម្តេចបានបញ្ជាក់បន្ថែមថា «តាមរយៈការសម្រួលទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងលះបង់នូវចំណូលមួយចំនួន ប៉ុន្តែការលះបង់ចំណូលរបស់រដ្ឋ យើងមិនខ្លាចទេ ប្រសិនបើកិច្ចការងារនោះជួយសម្រួល និងគាំទ្រដល់វិស័យឯកជន ឱ្យរីកលូតលាស់» ។
សម្តេច បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តធ្វើ ហើយចាត់ចែងលើអ្វីដែលអាចធ្វើបាន ៕