សម្តេចធិបតី៖ ផ្ទះមានតម្លៃលើស ៧ម៉ឺនដុល្លារ ត្រូវឲ្យដកទំហំទឹកប្រាក់ ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការ សម្រាប់ផ្ទះមានតម្លៃលើស៧ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឲ្យដកតម្លៃ៧ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាន នៃការគិតពន្ធប្រថាប់ត្រា។
ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ដើម្បីបង្កើនការជួយដល់វិស័យសំណង់ និងអចលនទ្រព្យ ខ្ញុំសូមដាក់ចេញនូវវិធានការបន្ថែម លើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀត លើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧ម៉ឺនដុល្លារអាមេរិក ដែលអនុញ្ញាតឲ្យដកទំហំទឹកប្រាក់ ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋាន ក្នុងគម្រោងលំនៅឋានបុរី ដែលមានអាជ្ញាប័ណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ថា ប្រសិនបើលំនៅឋាន មានតម្លៃ១០ម៉ឺនដុល្លារ ដែលច្រើនជាង៧ម៉ឺនដុល្លារនោះ មូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា គឺនៅសល់តែ៣ម៉ឺនដុល្លារទេ គឺយក១០ម៉ឺនដុល្លារ ដក៧ម៉ឺនដុល្លារចេញ ហើយពន្ធប្រថាប់ត្រា គិតតែ៣ម៉ឺនដុល្លារប៉ុណ្ណោះ ៕