អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះជួយច្រូតកាត់ប្រមូលផលដំណាំស្រូវរបស់កសិករដែលទឹកលិចជ្រៅជាង១ពាន់ហិកតា នៅឃុំគោកព្រេច ស្រុកគិរីវង់

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំណុះរួមមានអាជ្ញាធរស្រុកគិរីវង់ កងកម្លាំងប្រដាប់អាវុធទាំង៣ ចុះជួយប្រមូលផលដំណាំស្រូវរបស់កសិករដែលកំពុងជន់លិចជ្រៅ បានប្រមាណជាង ៩០០ហិកតា ដោយនៅសល់ជាង ៤០០ហិកតាទៀតមិនទាន់ចុះច្រូតកាត់។
មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសកម្លាំងដែលកំពុងតែឈរជើង ហើយត្រៀមចុះជួយបងប្អូនប្រជាកសិករក្នុងការច្រូតកាត់ស្រូវ ដែលរងការគំរាមពីជំនន់ទឹកភ្លៀងនៅតំបន់នេះ ធ្វើយ៉ាងណាជួយដល់ពួកគាត់ឱ្យច្រូតកាត់ឱ្យបានឆាប់រហ័សបំផុត ជៀសវាងស្រូវខូចស្អុយរលួយ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា អាជ្ញាធរស្រុកក៏ត្រូវត្រៀម ម៉ាស៊ីនកិនស្រូវជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់កសិកររបស់យើងបានយកស្រូវដែលសើមទឹក និងស្រូវដែលបានច្រូតកាត់រួចហើយហាលថ្ងៃបានកិនស្រូវឱ្យទាន់ពេលវេលា ទាន់សភាពការផងដែរ ពោលគឺជួយប្រមូលផលស្រូវរបស់កសិករដែលកំពុងតែជន់លិចទឹកជ្រៅនេះ។
បើតាមការបញ្ជាក់លោក ញ៉ិប ស្រ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្ទៃដីស្រែដែលកំពុងតែជន់លិចនៅឃុំគោកព្រេចគឺប៉ះពាល់ជាង១ពាន់ហិកតា ហើយនៅក្នុងនោះដែរ បងប្អូនប្រជាកសិករក៏ដូចជាអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បាននឹងកំពុងតែចុះជួយប្រមូលផលស្រូវរបស់កសិករ ចំនួន ៩៦៦ហិកតា និងផ្ទៃដីដែលពុំទាន់បានចុះច្រូតកាត់ចំនួន ៤៣៧ហិកតា ៕
