សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ផងដែរ លើការកសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងវិស័យឯកជន ដើម្បីឱ្យប្រជាជនទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ក្នុងជំនួបជាមួយ លោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឱ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំង ដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នៅលើសកលលោក។
សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា អ្វីដែលក្រុមហ៊ុនចង់បំពេញការងារបន្ថែមនៅកម្ពុជា មានភាពឆ្លើយតបច្រើនទៅនឹងវិធានការគន្លឹះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញឱ្យអនុវត្តន៍កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ជាពិសេស ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពនៃការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។
លោក ណិក ឡាហ្គូណូវិក បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងរបស់ក្រុមហ៊ុន Pfizer ដែលចង់ស្វែងរកកាលានុវត្តភាពបន្ថែមនៅកម្ពុជា តាមរយៈការជួយគាំទ្រ និងជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ក្រុមហ៊ុន Pfizer បានពិនិត្យ និងតាមដានយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយយកចិត្តទុកដាក់ និងបានស្វែងយល់ថា ក្រុមហ៊ុន Pfizer អាចបំពេញបាននូវការងារមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នៅក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា៕
