នាយករដ្ឋមន្រ្តីថ្មីកម្ពុជា បន្តគាំទ្រនឹងជួយជ្រោមជ្រែងទីម័រឡេស្តេ សម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ ហើយកម្ពុជានឹងបន្តជួយជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេស សម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់នាពេលខាងមុខ។
ថ្លែងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ានគួរតែពង្រីកបន្ថែមនូវសមាជិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យកាន់តែរឹងមាំ និងមានភាពធន់។
ជាទីបញ្ចប់ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានជូនពរគ្នាទៅវិញទៅមក ក្នុងការបំពេញបេសកកម្មប្រកបដោយផ្លែផ្កានៅអង្គការសហប្រជាជាតិ និងសូមឱ្យការធ្វើមាតុភូមិនិវត្តន៍ប្រកប ដោយសុខសុវត្ថិភាព ៕
