សិក្ខាកាមវគ្គហ្វឹកហ្វឺន បំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៥ ឆ្នាំ២០២៣ ចំនួន ១០៣នាក់ បានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៥ ឆ្នាំ២០២៣ ចំនួន ១០៣នាក់ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅក្តាន់រយ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបិទតាមការគ្រោងទុក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ។
នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ដោយបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភទាំងផ្នែកស្មារតី និងសម្ភារៈពីមេបញ្ជាការ កងទ័ពជើងគោក កងពលតូចដឹកជញ្ជូនលេខ៩០ មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងការកសាងបន្ទាយ ការងារដឹកជញ្ជូន ការជួសជុលថែទាំបច្ចេកទេសរថយន្ត ការអភិវឌ្ឍធនធានមនុស្សតាមរយៈនៃការបណ្តុះបណ្តាល ការហ្វឹកហ្វឺនជាប់ជាប្រចាំ បានធ្វើឱ្យយោធិនគ្រប់រូបមានសមត្ថភាពបម្រើការងារបានល្អប្រសើរ ប្រកបដោយឆន្ទៈមុះមុតក្នុងការបម្រើការពារជាតិមាតុភូមិ និងការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំ ។
ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះ ឯកឧត្តម ប៉ុល ស៊ីនួន បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តាចាំបាច់ដើម្បីចូលរួមចំណែកបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជន និងបានថ្លែងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានសហការជាធ្លុងមួយធ្វើឲ្យវគ្គនេះ បានបញ្ចប់ប្រកបដោយជោគជ័យ និងលទ្ធផលផ្លែផ្កាតាមការរំពឹងទុក ។
ឯកឧត្តម ប៉ុល ស៊ីនួន បានថ្លែងការកោតសរសើរដល់កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជា និងតាមទិសដៅ នៃផែនការបានកំណត់ ។
ឯកឧត្តម ប៉ុល ស៊ីនួន បានគូសបញ្ជាក់បន្ថែមទៀតថា៖ ក្នុងនាមយើងជាអ្នកបើកបរ ត្រូវគិតគូរពីសុវត្ថិភាពអ្នកដទៃក៏ដូចជាសុវត្តិភាព ផ្ទាល់ខ្លួនយើងផងដែរ ។
ឯកឧត្តម ប៉ុល ស៊ីនួន បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារថែទាំសម្ភារៈបច្ចេកទេសនៅតាមអង្គភាពនីមួយៗ ដើម្បីប្រើប្រាស់នូវគ្រឿងបំពាក់រថយន្តគ្រប់ប្រភេទអោយបានយូរអង្វែង។
ឯកឧត្តម ប៉ុល ស៊ីនួន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងការពារសុខសន្តិភាពដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ អោយបានគង់វង្សទៅថ្ងៃអនាគត និងបានផ្តាំផ្ញើដល់សិក្ខាកាម យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ទាំងអស់ ត្រូវគោរពនូវច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងចូលរួមអនុវត្តអោយបាននូវរាល់បទបញ្ជា សេចក្ដីសម្រេច សេចក្តីណែនាំទាំងឡាយ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះ និងប្រកាសចូលរួមអបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ៕
