អភិបាលខេត្តក្វាងស៊ី៖ បំណងទស្សនកិច្ចរបស់ឯកឧត្តម មកកម្ពុជា គឺដើម្បីពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មកប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៣ គឺដើម្បីពិនិត្យមើលការរីកចម្រើន, វិបុលភាព និងវឌ្ឍនភាពរបស់កម្ពុជា ព្រមទាំងដើម្បីគោរពអញ្ជើញ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងតំបន់ដទៃទៀត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ឯកឧត្តមអភិបាលអភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានជម្រាបជូនក្នុងដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាសៀលថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តមអភិបាល បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន, និយាយជារួម, និងចំពោះទីក្រុងណាននីង, និយាយដោយឡែក។ ឯកឧត្ដមអភិបាល ក៏បានរំលេចបន្ថែមថា ឯកឧត្ដម បានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាដែល សម្ដេចធិបតី បានថ្លែងនៅក្នុងឱកាសនៃការបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ កាលពីពេលព្រឹកមិញ ហើយឯកឧត្តម បានឯកភាពទាំងស្រុង ចំពោះទស្សនវិស័យដែល សម្តេចធិបតី បានលើកឡើង ៕
