កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ

ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យ ឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ ។
ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែសីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននេះ, ការគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់- កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ ឆ្នាំទៅមុខ, ហើយរៀបចំឡើងនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្ត ជាដំណាក់កាលៗ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បន្ថែមថា កន្លងមក, យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ ទុកជា ដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់ លើការស្តារ និងការកសាង ប្រទេស ដែលទើបងើបចេញពីសង្គ្រាម; ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម; ការធ្វើ សមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល; ការអភិវឌ្ឍ និងការរក្សា ស្ថិរភាពសេដ្ឋកិច្ច និង សង្គម; និងការប្រឹងប្រែងលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់រយៈពេល ២៥ ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យ ឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០» ៕
