ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ ក្នុងតំបន់អង្គរ ជួសជុលជណ្ដើរថ្មីមួយកន្លែង នៅប្រាសាទតាព្រហ្ម

ភ្នំពេញ៖ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងវប្បធម៌ បានធ្វើការជួសជុលជណ្ដើរមួយកន្លែង នៅប្រាសាទតាព្រហ្ម។
លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យថា ជណ្ដើរដែលបានដំឡើងថ្មីនេះ ស្ថិតនៅចំណុចដើមឈើពស់ចុះទៅកន្លែងគក់ទ្រូង នៃប្រាសាទតាព្រហ្ម។
លោកបានបន្តថា ជណ្ដើរនេះជំនួសជណ្ដើរចាស់ ដែលមានសភាពទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក បញ្ជាក់ឲ្យដឹងដែរថាជណ្តើរនេះ មានប្រវែងបណ្ដោយ ៣.៣០ម៉ែត្រ និងទទឹង ១.៥០ម៉ែត្រ។
លោក ប៊ូ ផានេត បានបញ្ជាក់ទៀតថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ ដល់ភ្ញៀវទេសចរ ខណ:ជណ្ដើរចាស់ មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរ នារដូវវស្សានេះ ៕
