រាជរដ្ឋាភិបាល បើកយុទ្ធនាការផ្តល់បណ្ណសមធម៌ និងបណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងវិស័យសេវាកម្មកម្សាន្ត

ភ្នំពេញ៖ ក្រុមការងារចម្រុះមកពីក្រសួងផែនការ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងអាជ្ញាធរខណ្ឌដូនពេញ បានរៀបចំយុទ្ធការចុះសម្ភាសផ្តល់បណ្ណសមធម៌ និង បណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណ ម.ស.ស.) ជូនបុគ្គល ឬគ្រួសារ ដែលមានសមាជិកបម្រើការងារ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព។
យុទ្ធនាការនេះ បានរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ នៅវត្តភ្នំ ដើម្បីសម្ភាសអ្នកធ្វើការនៅក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរស់នៅសង្កាត់ស្រះចក និងវត្តភ្នំ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គមបានថ្លែងថា យុទ្ធនានេះបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តរបបថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្កាឌិន, កន្លែងម៉ាស្សា និងស្ប៉ា កាលពីខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្តល់ដល់អ្នកធ្វើការក្នុងវិស័យនេះ ឱ្យទទួលការព្យាបាលដោយឥគិតថ្លៃនៅតាមបណ្តាមន្ទីពេទ្យនានារបស់រដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តមបន្តថា ដោយសង្កេតឃើញថា អ្នកដែលប្រកបរបរក្នុងវិស័យនេះ មានមួយចំនួនជួបបញ្ហាលំបាក ហេតុនេះពួកគេគួរតែទទួលបានបណ្ណសមធម៌ឬបណ្ណក្រីក្រ។ ចំណែកអ្នកខ្លះទៀត ដែលសម្ភាសន៍រួចមិនទទួលបាន បណ្ណសមធម៌ឬបណ្ណក្រីក្រ ពួកគេនឹងទទួលបានបណ្ណ ម.ស.ស សម្រាប់ប្រើប្រាស់ពេលព្យាបាលជំងឺនៅតាមមន្ទីពេទ្យរដ្ឋដោយឥតថ្លៃ។
ឯកឧត្តមបន្តទៀតថាថា «ខ្ញុំសង្កេតឃើញមាន២ចំណុចដែលគួរឱ្យកត់សម្គាល់។ ទី១. ពួកគាត់បានយល់ច្បាស់ពីអត្ថប្រយោជន៍របស់វា និងមានបំណងចង់បានបណ្ណនេះ។ ចំណុចទី២. គាត់មានការព្រួយបារម្ភបន្តិចថាគាត់មកចុះឈ្មោះនេះ គាត់ខ្លាចមានកាតព្វកិច្ចបង់ប្រាក់វិភាគទានប្រចាំខែ។ ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា ជាមួយនឹងការពង្រីកប្រព័ន្ធគាំពារសង្គមនៅកម្ពុជា សម្រាប់បងប្អូនដែលបម្រើការក្នុងវិស័យកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនមានកាតព្វកិច្ចក្នុងការបង់វិភាគទាននោះទេ នេះគឺជារបបមួយដែលទ្រទ្រង់ដោយថវិកាជាតិទាំងស្រុងតែម្តងក្នុងការផ្តល់អត្ថប្រយោជន៍ជូនពួកគាត់»។
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានឱ្យដឹងថា សម្រាប់យុទ្ធការ២ថ្ងៃដំបូងនេះ គឺផ្តោតទៅលើការផ្តល់បណ្ណសមធម៌ដល់ប្រជាពលរដ្ឋរស់នៅ តែក្នុង២សង្កាត់ទេ គឺសង្កាត់វត្តភ្នំ និងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ។ បន្ទាប់ពីនេះ នឹងប្រគល់ការងារនេះដល់អាជ្ញាធរ នៅតាមមូលដ្ឋានរៀងៗខ្លួនទូទាំង២៥ខេត្តក្រុង បន្តធ្វើកិច្ចការងារនេះ ដើម្បីសម្ភាសន៍ និងផ្តល់បណ្ណសមធម៌សម្រាប់អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្តមលើកឡើងថា បណ្ណសមធម៌ និងបណ្ណ ម.ស.ស មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សម្រាប់បុគ្គលបម្រើការក្នុងវិស័យសេវាកម្មកម្សាន្ត យកទៅទទួលសេវាថែទាំ និងព្យាបាលជំងឺនៅតាមមន្ទីរដ្ឋនានា ព្រោះប្រសិនបើមិនផ្តល់បណ្ណនេះទេ ពួកនឹងចំណាយថវិកាច្រើនសម្រាប់ការព្យាបាលជំងឺ ដែលនេះគឺជាការជួយសម្រួលជីវភាពបានមួយចំណែកធំ។
ឯកឧត្តមបន្ថែមថា «ក្រោយពីយុទ្ធនា២សង្កាត់នេះ យើងនឹងប្រគល់កិច្ចការងារនេះជូនទៅដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួនធ្វើកិច្ចការងារនេះ។ ប្រសិនបើបងប្អូនដែលអញ្ជើញមកហើយគ្មានឈ្មោះនៅក្នុងសង្កាត់ស្រះចក និងវត្តភ្នំទេ សូមឱ្យគាត់រង់ចាំសិន។ យើងបានធ្វើការណែនាំរួចហើយ ដើម្បីឱ្យអ្នកដែលប្រកបរបរក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយមានស្ថានភាពជួបការលំបាកត្រៀមឯកសារដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ហើយបើពលរដ្ឋខ្លះដែលនៅសល់លិខិតឯ.អ បញ្ជាក់ពេលមុនបោះឆ្នោតក៏ពួកអាចប្រើបានដែរ។ សូមត្រៀមឱ្យហើយនៅពេលក្រុមការងារឬអាជ្ញាធរមូលដ្ឋានចុះសម្ភាសគាត់ គឺគាត់មានរួចរាល់តែម្តង។ ប៉ុន្តែបើសិនជាគ្មានឯកសារទាំងនេះទេ គាត់ត្រូវទៅឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅ ធ្វើលិខិតបញ្ជាក់ឱ្យហើយ ដើម្បីឱ្យបានស្រួល។ សម្រាប់យុទ្ធនាការ២ថ្ងៃនេះ សម្ភាសរួចពួកគាត់នឹងបានបណ្ណថ្ងៃនេះតែម្តង»។
សូមជម្រាបថា មូលនិធិសមធម៌សុខាភិបាល សំដៅដល់យន្តការហិរញ្ញប្បទាន ផ្នែកគាំពារសុខភាពសង្គម ដើម្បីផ្តល់លទ្ធភាពដល់ក្រុមពលរដ្ឋគោលដៅ ឱ្យទទួលបាន ឬប្រើប្រាស់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។ កន្លងមក មូលនិធិសមធម៌សុខាភិបាល បានផ្តល់ការគាំពារផ្នែកសុខភាព ជូនពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺននាក់ ស្នើនឹង ២.៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានមេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, អ្នកធាក់ស៊ីក្លូ និង បុគ្គលិក និងអ្នកជំនាញដោះមីន ប្រមាណ ១០ម៉ឺននាក់។
ក្នុងការទទួលសេវាសុខាភិបាល បុគ្គលបម្រើការក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ ដោយអនុវត្តតាមប្រប្រព័ន្ធផ្ដល់សេវា ពីថ្នាក់បឋមនៅមូលដ្ឋានសុខាភិបាលថ្នាក់ទាប ទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់ជាង លើកលែងតែក្នុងករណីសង្រ្គោះបន្ទាន់ប៉ុណ្ណោះ ៕
