ក្រុមការងារធ្វើការសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ

ភ្នំពេញ៖ ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចុះសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ។
បើយោងតាមលោក ងិន ធី ប្រធានក្រុមការងារសម្អាតបានឱ្យដឹងថា រុក្ខជាតិដែលសម្បូរនារដូវវស្សានេះមានប្រភេទ រុក្ខជាតិស្មៅ និងរុក្ខជាតិធំៗ។
លោកបន្តថា ប្រភេទស្មៅឬរុក្ខជាតិតូចៗមិនប៉ះពាល់ដល់ថ្មប្រាសាទទេ តែប្រសិនទុកវាអោយដុះរៀងស្ដុកនោះវានឹងធ្វើអោយបាត់បង់សោភ័ណភាពប្រាសាទបាន។ នៅក្នុងខែវស្សានេះទាំងរុក្ខជាតិស្មៅ និងរុក្ខជាតិដើមឈើធំៗវាដុះលឿនខុសពីធម្មតា។
លោក ងិន ធី បញ្ជាក់ថា ប្រសិនបើយើងសម្អាតវាបានស្អាត វាក្រដុះវិញដែរ។ ដោយឡែកទាក់ទងនឹងផែនការសម្អាតវិញ ខែវស្សានេះមានភាពមមាញឹកជាងខែប្រាំង។
លោកបន្ថែមទៀតថា ខែវស្សាគឺប្រាសាទមួយវិលជុំក្នុង ពេលមួយខែ តែសម្រាប់ខែប្រាំងអាចមួយខែកន្លះឯណោះទើបចូលសម្អាតម្ដងទៀត៕
