ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាខិតខំបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់នៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣យ៉ាងដូច្នេះថា “ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។
ឯកឧត្តមបណ្ឌិត បានចាត់ទុកសារអបអរសាទរនេះ គឺជាការលើកទឹកចិត្តដ៏មហិមាចំពោះឯកឧត្តម។ ទន្ទឹមនឹងការថ្លែងអំណរគុណ ចំពោះសារអបអរសាទរនេះ ឯកឧត្តម បានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ ការចាត់តាំងនេះ ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តម រៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដើម្បីសុំការគាំទ្រពីរដ្ឋសភានាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ការត្រាស់បង្គាប់ចាត់តាំងនេះ មន្ត្រីរាជការគ្រប់ឋានៈនុក្រម កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានសម្តែនូវការអបអរសាទរ និងគាំទ្រយ៉ាងមុតមាំទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕
