ជនដៃដល់ម្នាក់ យកចបជីកវាយលើបុរសម្នាក់បណ្តាលអោយរងរបួលធ្ងន់ នៅស្រុកសង្កែ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២០និង១០នាទី ត្រង់ចំណុចក្រុមទី២៧ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកចបជីកវាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ឈ្មោះ ហឿន សិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកចបជីកវាយទៅលេីជនរងគ្រោះឈ្មោះ ម៉ាប់ លី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវចំក្បាលផ្នែកចំហៀងខាងឆ្វេង បណ្តាលអោយបែកចេញឈាម ហេីយយកដៃដាល់ត្រូវចំរង្វង់ភ្នែកខាងឆ្វេងបណ្តាលអោយហេីមជាំ។
ក្រោយទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន នៃអធិការដ្ឋានស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន សិទ្ធិ នៅចំណុចផ្ទះជនសង្ស័យ នៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ រួចសមត្ថកិច្ចបាននាំខ្លួនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពបានប្រើប្រាស់ចបជីកវាយលើជនរងគ្រោះពិតប្រាកដមែន។ វត្ថុតាងដកហូតបាន ចបជីកប្រវែង ០១ម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា មូលហេតុនៃអំពេីហិង្សានេះនេះ គឺដោយសារជនសង្ស័យខឹងជនរងគ្រោះមិនជួយសម្អាតបង្គន់ដែលប្រើរួមគ្នា ក៏យកចបជីកទៅវាយលើជនរងគ្រោះ បណ្តាលអោយរងរបួលធ្ងន់។
ករណីនេះជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលស្រុកសង្កែកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
