ប្រមុខរាជរដ្ឋាភិបាល ប្រគល់សមិទ្ធផលវិមានរំលឹកដល់ អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជូនរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រគល់សមិទ្ធផលវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សា ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ វិមាន រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សាហើយវិមាននេះនឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ»។
វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់ មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វិមាននេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបាន ពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺ ម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា ៕
