ឯកឧត្ដម ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ អាល់អាក់ឡា ព្រែកប្រា និង អគារស៊ូរ៉ាវស្ត្រី ដែលជាសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ អាល់អាក់ឡា ព្រែកប្រា និង អគារស៊ូរ៉ាវស្ត្រី ដែលជាសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណដល់សប្បុរសជនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគណៈអ៊ីមាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា, ពេលវេលា និងកម្លាំងកាយ-ចិត្ត ចូលរួមកសាងសមិទ្ធផលទាំងនេះ នៅក្នុងមជ្ឈមណ្ឌលនៃអំពើល្អ បម្រើឱ្យការគោរពបដិបត្តិសាសនាឥស្លាម តាមបញ្ញតិរបស់អាល់ឡោះ និងការប្រៀនប្រដៅរបស់ព្យាការីមូហាំម័ទ រួមមាន ការបបួលគ្នាធ្វើអំពើល្អ និងហាមឃាត់អំពើអាក្រក់ទាំងទ្បាយទាំងពួង ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងឱកាសនេះ ញ៉ាំងឱ្យកម្មវិធីនេះ កាន់តែមានភាពមហោឡារិកអធិកអធម ព្រមទាំងបានសរបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមនៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន ឱ្យកាន់តែមានមានភាពជិតស្និទ្ធលើគ្រប់វិស័យ៕

