ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ គឺប្រៀបបាននឹងកម្លាំងចលករក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ការចូលរួមចំណែកបង្កើនភាពវិជ្ជមានក្នុងសង្គមជាតិ ព្រមទាំងការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ភាពអវិជ្ជមាន គឺប្រៀបបាននឹងកម្លាំងចលករក្នុងការរុញច្រាននាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍ វឌ្ឍនភាពសង្គម និងការសម្រេចនូវក្តីស្រមៃសម្រាប់យុវជនទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្តថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ ការបង្ហាញអំពីតថភាពសង្គម ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម, ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ។
ឯកឧត្តម បណ្ឌិត បានបន្ថែមថា អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ៕

