ឯកឧត្ដម ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះពិធីរំឭកខួបលើកទី ៤៦ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបប៉ុលពត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានសូមចូលរួមអបអរសាទរចំពោះពិធីរំឭកខួបលើកទី ៤៦ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញសមិទ្ធផលជាតិ ដោយបង្កនូវភាពសោកសង្រេងដល់ប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារ និងមហាវិនាសកម្មដល់សង្គមជាតិកម្ពុជាទាំងមូល។
ឯកឧត្ដមមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបញ្ជាក់ថា ទោះបីព្រឹត្តិការណ៍ទាំងនេះ បានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែសច្ចភាពមួយដែលមិនសាបសូន្យ គឺសម្តេចតេជោ រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបសាហាវយង់ឃ្នង ប៉ុល ពត ហើយក្នុងរយៈពេលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់ក៏បាននៅបន្តការពារ និងបម្រើប្រជាជន និងមិនធ្លាប់បោះបង់ចោលប្រជាជនទ្បើយ ទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»៕
