ជប៉ុនផ្តល់កម្ចីជិត ២០០លានដុល្លារ សម្រាប់កែលម្អផ្លូវជនបទ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប
ភ្នំពេញ៖ រដ្ឋាភិបាលផ្តល់កម្ចីជិត ២០០លានទៀត សម្រាប់កែលម្អផ្លូវជនបទ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាបដំណាក់កាលទី៣។
ថវិកាជាកម្ចីរបស់ជប៉ុនយកទៅប្រើប្រាស់លើគម្រោងចំនួនពីររួមមាន៖
១-ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣,៦៩២លានយ៉េន
(ប្រមាណ ១៧២.៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ»
២-ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២,០៨១ លានយ៉េន (ប្រមាណ ១៥.១៨ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការផ្ដល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែល នាពេលថ្មីនេះៗបានដំឡើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត ៕

