ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉ាឡេស្ទីនទៅកាន់ប្រទេសចិនគឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាផ្លូវការ
រ៉ាម៉ាឡាហ៍៖មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ទៅកាន់ប្រទេសចិននឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួ លោក Abbas Zaki សមាជិកគណៈកម្មាធិការកណ្តាល Fatah ប៉ាឡេស្ទីន និងជាស្នងការទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប់ និងចិន បាននិយាយថា ចិន និងប៉ាឡេស្ទីន គឺជា “មិត្តជិតស្និទ្ធជាងបងប្អូន” ។លោក Zaki បានអោយដឹងថា ប្រទេសចិន និងប៉ាឡេស្ទីនតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងផលប្រយោជន៍ស្នូលរបស់ពួកគេ។លោកបាននិយាយថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិស្របច្បាប់របស់ពួកគេឡើងវិញ និងគាំទ្រការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនជាមួយហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន និងផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ ។លោកបានអោយដឹងថា ប៉ាឡេស្ទីនបានកោតសរសើរចំពោះការអំពាវនាវរបស់ប្រទេសចិនសម្រាប់ការដោះស្រាយដោយយុត្តិធម៌ និងទូលំទូលាយនៃបញ្ហាប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ និងកម្រិតផ្សេងទៀត ហើយថាដំណើរទស្សនកិច្ចរបស់លោក Abbas នឹងពង្រឹងទំនាក់ទំនងទ្វេភាគី។ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់លើកដំបូងដែលបានធ្វើឡើងកាលពីឆ្នាំមុន លោក Zaki បាននិយាយថា វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន-អារ៉ាប់ ហើយនឹងដឹកនាំទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អារ៉ាប់ក្នុងយុគសម័យថ្មី។
មន្ត្រីប៉ាឡេស្ទីនបានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញប្រទេសចិនបានចូលរួមកាន់តែច្រើននៅក្នុងកិច្ចការមជ្ឈិមបូព៌ា បន្ទាប់ពីកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់កាលពីឆ្នាំមុន” ដោយបានកត់សម្គាល់ថា ការបន្តទំនាក់ទំនងការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានមកពីប្រទេសចិន។លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅមជ្ឈិមបូព៌ា និងបានលើកឡើងពីការយល់ដឹងអំពីការរួបរួម និងឯករាជ្យភាពក្នុងចំណោមប្រទេសក្នុងតំបន់។លោក Zaki បានថ្លែងថា ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើឲ្យតំបន់មានអស្ថិរភាព។”អ៊ីរ៉ាក់ លីប៊ី និងស៊ីរីត្រូវបានបំផ្លាញដោយពួកគេ ហើយស៊ូដង់ឥឡូវនេះកំពុងប្រឈមមុខនឹងការបែកបាក់”។យោងតាមលោក Zaki សហរដ្ឋអាមេរិកបានបង្ហាញពីភាពលំអៀង និងស្តង់ដារទ្វេរដងលើបញ្ហាប៉ាឡេស្ទីន ដែលរារាំងវឌ្ឍនភាពឆ្ពោះទៅរកការស្ដារឡើងវិញនូវសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា
