នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ស្នើដល់កងទ័ពទប់ស្កាត់ឲ្យទាន់ពេលវេលា រាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានស្នើដល់កងទ័ពនៃកងពលតូចលេខ៧០ សហការដ៏ល្អប្រសើរជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋតាមតំបន់ ទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។
ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចបានបញ្ជាក់ថា «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០»។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង។ សម្តេចបានថ្លែងអរគុណចំពោះសប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃកងពលតូចលេខ ៧០ ៕
