បណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ចំពោះមុខនេះ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៣ គួរ រួមមាន៖ គួរទី១. យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ “គណបក្សប្រជាជនកម្ពុជា”, គួរទី២. គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគួរទី៣. គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិ ឬជ្រុលនិយមមួយចំនួន។
ឯកឧត្តមបណ្ឌិត បន្តថា រីឯ ៣ កុំ រួមមាន៖ កុំទី១. កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន, កុំទី២. កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. និងកុំទី៣. កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត ។
ឯកឧត្ដមបណ្ឌិត សង្កត់ធ្ងន់ថា មូលហេតុធំ និងសាមញ្ញនៃការអនុវត្តគោលការណ៍ “៣គួរ និង៣កុំ” នេះ គឺដើម្បីឱ្យប្រជាជនកម្ពុជាបន្តមានជំនឿចិត្ត មានក្តីសង្ឃឹម និងលំនឹងស្ថិរភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយច្បាស់ថា យើងទាំងអស់អាចបន្តរស់នៅប្រកបដោយសេចក្តីសុខក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ និងដោយគ្មានការព្រួយបារម្ភ ឬហានិភ័យណាមួយនោះឡើយ។

