ឯកឧត្តម ហ៊ុន ម៉ាណែត៖ បក្សប្រជាជន គឺមិនល្អឥតខ្ចោះទេ តែជាបក្សបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើពលរដ្ឋឥ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សដែលបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសនៅគ្រប់ពេលវេលា និងទីកន្លែងដែលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះអាសន្ន។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពិតណាស់ ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា អាចបន្តប្រៀបឈ្នះក៏ដោយសារគណបក្សបើកចិត្តទូលំទូលាយ និងហ៊ានទទួលស្គាល់ចំណុចខ្វះខាត ដើម្បីដាក់ចេញនូវទិសដៅកំណែទម្រង់នានា ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានគណបក្ស ធ្លាប់បានលើកឡើងថា៖ “កែទម្រង់រស់, មិនកែទម្រង់ស្លាប់” ព្រមជាមួយនឹងការដាក់ចេញនូវអភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់” ៕

