ឯកឧត្តម វេង សាខុន៖ ដើម្បីបុព្វហេតុរំដោះជាតិ ការពារជាតិ ការពារអាយុជីវិតប្រជាជនយើង អតីតយុទ្ធជនយើងទាំងអស់បានចូលរួមជាមួយសម្តេចតេជោ ធ្វើការលះបង់ និងពលីកម្មយ៉ាងធំធេងបំផុត

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ៣៧២នាក់ នៅស្នាក់ការគណបក្សស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មានប្រសាសន៍ទៅកាន់បងប្អូនជាអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ៣៧២នាក់ នារសៀលនេះ ឯកឧត្តម វេង សាខុន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនយើងដែលជាអតីតយុទ្ធជន និងគ្រួសារជនពលី ដើម្បីបុព្វហេតុជាតិយើង។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ដើម្បីបុព្វហេតុរំដោះជាតិ ការពារជាតិ ការពារអាយុជីវិតប្រជាជនយើង អតីតយុទ្ធជនយើងទាំងអស់បានចូលរួមជាមួយសម្តេចតេជោ ធ្វើការលះបង់ និងពលីកម្មយ៉ាងធំធេងបំផុតនិងគ្រប់បែបយ៉ាង បូជាសាច់ស្រស់ឈាមស្រស់ លូនក្រាបលើសមរភូមិទាំងថ្ងៃទាំងយប់ ក្រោមភ្លៀង ផ្គរ រន្ទះ ក្តៅរងារ ពលីជីវិត ដោយឥតរារែកនោះឡើយ។
យើងទាំងអស់គ្នាធ្លាប់បានឆ្លងកាត់នូវសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភ្លើងសង្រ្គាមដែលបានធ្វើឱ្យប្រទេសយើងប្រេះបាក់បែក ប្រជាជនយើងពោរពេញទៅដោយទឹកភ្នែក ព្រាត់ប្រាសក្រុមគ្រួសារ ជីវភាពខ្វះខាត និងខ្វះស្បៀងអាហារសម្រាប់បរិភោគ ហើយបងប្អូនអតីតយុទ្ធជនយើងខ្លះបានស្លាប់ ខ្លះទៀតក៏បានរួចផុតពីក្ដីស្លាប់ តែក៏ត្រូវធ្លាក់ខ្លួនពិការភាពដល់សព្វថ្ងៃនេះ។ ដូច្នេះដើម្បីបញ្ចៀសសោកនាដកម្មនេះកុំឱ្យកើតមានឡើងមកវិញ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គមនេះឱ្យបានគង់វង្សដូចបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវបន្តរួមដំណើរជាមួយសម្តេចតេជោ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលឈរលើលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លាជាថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារជនពលីចំនួន ៣៧២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀលផងដែរ ៕
