បណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន ជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគត ទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ទទួលបានភាពជោគជ័យ និងការគាំទ្រពីប្រជាពលរដ្ឋ គឺដោយសារគណបក្សសកម្មការងារ, ក្តាប់ជាប់បញ្ហាប្រឈម, កែសម្រួលចំណុចខ្វះខាតជាប់ជាប្រចាំ និងអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជនកាន់តែល្អប្រសើរ រួមទាំងការលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «ឈរលើភាពជោគជ័យនេះ គណបក្សប្រជាជនកម្ពុជា បានបន្តខិតខំគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមានចិត្តពីសមាជិកបក្សទាំងរូបកាយ និងបេះដូងស្រឡាញ់គាំទ្រពិតស្មោះត្រង់ ព្រមជាមួយនឹងការយល់ដឹងច្បាស់លាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាទីបង្អែកយ៉ាងសំខាន់ដើម្បីផ្ញើជោគវាសនា និងជាក្តីសង្ឃឹមដ៏ត្រចះត្រចង់សម្រាប់អនាគតទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយៗទៀត» ៕

