សម្ដេចតេជោ សង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស្តេ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេ ដែលមានជាង៦០០លាននាក់ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនោះ។
សម្ដេចតេជោបាន អរគុណជាមួយនឹងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស្តេ ដែលបានរួមគ្នាលើកតម្កើងគុណតម្លៃបន្ថែម ជូនអត្តពលិកមានពិការភាព និងផ្ដល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២នេះ ឱ្យប្រព្រឹត្តទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។
ការប្រកួតបានបញ្ចប់ សម្ដេចតេជោសង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស្តេ ដែលមានជាង៦០០លាននាក់ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេមនៅទីនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនជនរួមជាតិថា បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាយុវជនអាស៊ី(Asian youth Games 2029) លើកទី៥ នៅឆ្នាំ២០២៩បន្តទៀត ដោយសម្ដេចតេជោបញ្ជាក់ថា «យើងនឹងជួបជុំគ្នានៅទីនេះ និងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌទ្រង់ទ្រាយធំជាងនេះ នៅឆ្នាំ២០២៩ខាងមុខ»។
សម្ដេចតេជោក៏បានថ្លែង ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ ប្រកាសបិទព្រឹត្តិការណ៍ ប្រកួតកីឡាពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ចាប់ពីពេលនេះតទៅ៕
