សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈនៃការប្រកួតស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា ពេលណាមួយនោះ អាស៊ានអាចនឹងទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃអូឡាំពិក ឬក៏ការប្រកួតបាល់ទាត់ពិភពលោក

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ សម្ដែងនូវក្ដីសង្ឃឹមថា តាមរយៈនៃការប្រកួតស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា ពេលណាមួយនោះអាស៊ានអាចនឹងទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃអូឡាំពិក ឬក៏ការប្រកួតបាល់ទាត់ពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះ ក្នុងខណៈដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារាត្រីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ទើបរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ហើយកម្ពុជាក្លាយទៅជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញនូវសាមគ្គីភាពអាស៊ាន និងលើកម្ពស់គុណភាពកីឡារបស់អាស៊ាន។ សម្ដេចតេជោបានមានប្រសាសន៍សង្ឃឹមថា តាមរយៈនៃការប្រកួតស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា ពេលណាមួយនោះអាស៊ានអាចនឹងទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃអូឡាំពិក ឬក៏ការប្រកួតបាល់ទាត់ពិភពលោក ដោយសម្ដេចមានជំនឿថា បណ្ដាប្រទេសអាស៊ានរបស់យើង នឺងអាចមានក្រុមបាល់ទាត់មួយក្រុមដែលខ្លាំង សម្រាប់ការប្រកួតនៅក្នុងពិភពលោក ក្នុងក្របខ័ណ្ឌជាសហគមន៍អាស៊ានរបស់យើង។ សម្ដេចតេជោគូសបញ្ជា់ថា ពេលនេះ ព្រះរាជាណាចក្រកម្ពុជាមានមោទនភាព ដែលបានរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនពិការភាព និងផ្ដល់ឱកាសដល់អត្តពលិកជនពិការ បញ្ចេញសមត្ថភាព ទេពកោសល្យរបស់ខ្លួន ក្នុងពិធីបុណ្យកីឡាជនពិការដ៏គគ្រឹកគគ្រេងនាពេលនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យរួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាព និងចូលរួមគាំទ្រអត្តពលិកជនពិការគ្រប់ៗគ្នា។ សម្ដេចតេជោ បានគូសបញ្ជា់បន្ថែមថា ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា និងរូបសម្ដេចផ្ទាល់ សម្ដេចសូមប្រកាសបើកជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ។
បើតាមឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានឱ្យដឹងថា ប្រតិភូ និងកីឡាករ កីឡាការិនី នៃបណ្ដាប្រទេសអាស៊ានដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានចំនួនប្រមាណ ២ ១៦០ នាក់ ដែលនឹងចូលរួមប្រកួតប្រជែងលើ១៣ប្រភេទកីឡា សរុបចំនួន ៤៣១វិញ្ញាសា និងប្រភេទកីឡាក្រៅផ្លូវការមួយ (E-Sports)។ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមបានអនុញ្ញាតឱ្យបងប្អូនកីឡាករ កីឡាការិនីជនពិការ ប្រកួតតំណាងឱ្យប្រទេសជាតិខ្លួន និងបង្ហាញពីសមត្ថភាព ឆន្ទៈ ការស្រឡាញ់កីឡា និងការតាំងចិត្តដ៏មោះមុតរបស់ពួកគាត់ ដូចនឹងកីឡាករ កីឡាការិនី ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដូចគ្នានេះដែរ។ ប្រាកដណាស់យើងអាចមើលឃើញពីពីការភាពរបស់ពួកគាត់ ប៉ុន្តែមានតែពួកគាត់ដែរទេ ដែលអាចដឹងច្បាស់ពីឆន្ទៈ មនសិកា ការពុះពារ ដើម្បីសម្រេចគោលបំណងនិងក្ដីសុបិនរបស់ពួកគាត់។ ដូច្នេះយើងត្រូវរួមគ្នាគាំទ្រនូវស្មារតីដ៏មោះមុតរបស់ពួកគាត់ទាំងអស់គ្នា។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូកីឡាទាំងអស់ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចាប់ផ្ដើមពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំៗ០២៣។

