ទង់អាស៊ានប៉ារ៉ាហ្គេម ត្រូវបានបង្ហូតឡើងហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមទាំងអស់ ដែលអញ្ជើញមកដល់កម្ពុជា ជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ទង់អាស៊ានប៉ារ៉ាហ្គេមត្រូវបានបង្ហូតឡើងហើយ ដើម្បីស្វាគមន៍ដល់គណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមទាំងអស់ ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាដែលជាម្ចាស់ផ្ទះ។ ពិធីនេះត្រូវបានប្រព្រឹត្តិទៅនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា និងឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈប្រតិភូកីឡាមកពីបណ្តាប្រទេសទាំង ១១ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ផងដែរ។
ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍គណៈប្រតិភូអត្តពលិកប៉ារ៉ាហ្គេមដែលអញ្ជើញមកពី ១១ ប្រទេស មកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តមួយនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអត្តពលិក ២៥៦០ នាក់ អញ្ជើញមកពី ១១ ប្រទេស និងដែលធ្វើការប្រកួតលើ ១៤ វិញ្ញាសារ។ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិរបស់យើងទាំងអស់គ្នា ៕

