ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយនឹងអាចអភិវឌ្ឍប្រទេសជាតិ បានកាន់តែរឹងមាំ
ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែឧសភា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ។
ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ» ។
ឯកឧត្ដមបណ្ឌិត បន្ថែមថា ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ ៕

