មេទ័ពជើងគោក៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរជាប្រចាំពីសុខទុក្ខកងកម្លាំង អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់នូវការឧបត្ថម្ភផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីតបស្នងចំពោះវីរភាព និងឆន្ទៈដ៏មោះមុតរបស់កងកម្លាំងទាំងអស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងផ្តល់នូវការគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងកម្លាំង អតីតយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់នូវការឧបត្ថម្ភផ្សេងៗសំដៅ លើកកម្ពស់កម្រិតជីវភាពរស់នៅ និងផ្តល់លំនឹងនៃសេដ្ឋកិច្ចគ្រួសារ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធអគារស្នាក់នៅ និងសមិទ្ធផលនានារបស់ តំបន់ប្រតិបត្តិការសឹករងកំពត និងកងឯកភាពចំណុះ នាថ្ងៃទី២៩ ឧសភា នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្ថែមលើនេះ, ប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ ដោយរួមទាំងប្រាក់សោធននិវត្តន៍ផងដែរ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថា មួយវិញទៀត ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងទៅ គឺគ្រប់កងកម្លាំងទាំងអស់ ត្រូវបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំង រួមនឹងក្រុមគ្រួសារ ដើម្បីធានាបានសុខភាព និងអាយុជីវិតផង និងដើម្បីរួមចំណែកការពារ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះផង ៕

