ជនជាតិថៃមួយក្រុមបង្កអុកឡុកដល់អ្នកធ្វើដំណើរពលរដ្ឋខ្មែរ នៅតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ

បន្ទាយមានជ័យ៖ ជនជាតិថៃមួយក្រុមមកស្នាក់នៅក្រុងប៉ោយប៉ែត បានអុកឡុកដល់អ្នកធ្វើដំណើរពលរដ្ឋខ្មែរបង្កកាភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពលរដ្ឋថា ក្រុមជនជាតិថៃដែលមកស្នាក់នៅបំរើការងារតាមអនឡាញនោះមានប្រដាប់ដោយកាំបិតនិងដំបងដេញវាយពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ដោយម៉ូតូឫកង់បីជាដើម។
ប្រភពបន្តថាក្រុមជនជាតិថៃទាំងនោះមកវាយលើក្រុមកម្មករដឹកដែកដែលគាត់ដឹកឆ្លងកាត់បណ្ដាលឲ្យរងរបួស០២នាក់ ដោយមុនកើតហេតុក្រុមជនជាតិថៃដើរឆ្លងផ្លូវតែដោយសារកម្មករដឹកដែកគាត់លើកដៃរៀមិនឲ្យឆ្លងផ្លូវខ្លាចប៉ះក៏ធ្វើឲ្យជនជាតិថៃផ្ទុះកំហឹងវាយតប់តែម្តងធ្វើឲ្យមានការកកស្ទះនិងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមានកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់នូវអំពើរហឹង្សារនេះផងដែរ។តែទោះយ៉ាងណាក្រុមជនជាតិថៃដែលពលរដ្ឋថាបានបង្កហឹង្សានោះក៏ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានមកសួរនាំ ។
អធិការក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ថា កម្លាំងរបស់លោកបានឃាត់ខ្លួនទាំង សងខាង បាន០២ទៅ០៣នាក់ផងដែរ ដើម្បីយកទៅសួរនាំនៅកន្លែងអធិការរដ្ឋាននគរបាលក្រុង ហើយក៏មិនទាន់ដឹងអ្នកណាត្រូវអ្នកណាខុសនោះដែរព្រោះនៅកន្លែងកើតហេតុមានមនុស្សច្រើន៕
