ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងប្រាប់សិស្ស-និស្សិតអំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានថ្លែងប្រាប់សិស្ស-និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡាដោយធៀបទៅនឹងការលំបាកខ្វះខាតដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល។
ឯកឧត្ដមមានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ខណៈអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ជាមួយគ្នានោះឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត៕
