ឯកឧត្ដម ហ៊ុន ម៉ាណែត អបអរសាទរសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រ សម្រាប់ឆ្នាំ២០២២-២០២៦ ពីក្រសួងអប់រំ

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធអគារសិក្សាថ្មីដ៏ទំនើប និងធំស្កឹមស្កៃ។
ឯកឧត្តមបណ្ឌិត បន្ថែមថា ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល ៕

