ឯកឧត្តម ហ៊ុន ម៉ាណែត៖ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម ជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជេីញសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិលេខ១, សង្កាត់លេខ៣, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ នាថ្ងៃទី៦ ឧសភានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែតបាន គូសបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺជាព្រឹតិ្តការណ៍ប្រកបដោយមោទកភាពជាតិខ្មែរ និងមានលក្ខណៈជាប្រវត្តិសាស្រ្ត តាមរយៈការបើកបង្ហាញនូវសាវតារ និងភាពរុងរឿងថ្កើងថ្កាននៃអរិយធម៌ខ្មែរ តាំងពីអតីតកាលរហូតមកដល់សម័យកាលទំនើប ជូនដល់សាកលលោក។
ឯកឧត្តមបណ្ឌិតបន្ថែមថា សមិទ្ធផលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែគឺជាឧទាហរណ៍ជាក់ស្តែងមួយនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិះរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែចម្រុងចម្រើនរុងរឿង និងលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ ៕

