សម្ដេចតេជោ ហ៊ុន សែន ចង់បង្រៀនមន្ដ្រីគណបក្សប្រជាជនកម្ពុជា លើទ្រឹស្ដីចំនួន៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញបំណងចង់បង្រៀននូវទ្រឹស្ដីចំនួន៣ ដល់មន្ដ្រីគណបក្សប្រជាជនកម្ពុជាដោយផ្ទាល់តែម្ដង ដើម្បីឲ្យចេះវិភាគត្រូវសភាពការណ៍ជាក់ស្ដែង។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នាថ្ងៃទី២៥ មេសា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទ្រឹស្ដីចំនួន៣ ដែលសម្ដេចចង់បង្រៀនទៅមន្ដ្រីគណបក្សប្រជាជនកម្ពុជា នោះរួមមាន៖ សម្ភារៈនិយមវីចារវិទ្យា សម្ភារៈនិយមប្រវត្តិសាស្ត្រ វិធីសាស្ត្រដឹកនាំ និងធ្វើការងារ។
សម្ដេចតេជោ ហ៊ុន សែន បានប្រៀបធៀបអ្នកនយោបាយ ដូចជាគ្រូពេទ្យអញ្ចឹងដែរ ក្នុងករណីវាយតម្លៃអាការៈអ្នកជំងឺមិនបានត្រឹមត្រូវទេនោះ ដូច្នេះនៅពេលចេញថ្នាំទៅក៏មិនត្រឹមត្រូវដូចគ្នា។ សម្រាប់អ្នកនយោបាយក៏ដូច្នោះដែរ ប្រសិនបើវិភាគខុស នឹងដាក់វិធានការខុសដូចគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានទ្រឹស្ដី៣ ដែលមិនទាន់បានបង្រៀន ហើយខ្ញុំចង់បង្រៀនខ្លួនឯង ទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ សម្ភារៈនិយមប្រវត្តិសាស្ត្រ និងទី៣៖ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ ដើម្បីដាក់ជាគ្រឹះលើការវិភាគ។ ខ្ញុំចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្ដ្រនយោបាយ អ្នកធ្វើគោលនយោបាយ ទាក់ទិននឹងការវិភាគ»។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វិធីសាស្ដ្រ៣ ដែលសម្ដេចតែងតែប្រើប្រាស់ក្នុងការវិភាគ៖ វិធីសាស្ដ្រទី១៖ សម្ភារៈនិយមវីចារវិទ្យា, ទី២៖ ទស្សនៈប្រវត្តិសាស្ដ្រ និងទី៣៖ តក្កវិទ្យា។
សម្ដេចតេជោ ថ្លែងថា វិធីសាស្ដ្រទាំង៣គូបផ្សំគ្នានេះហើយ បានធ្វើឲ្យសម្ដេចកម្រវាយតម្លៃខុសណាស់ ដែលកន្លងទៅក្នុងគណបក្សប្រជាជនកម្ពុជា តែងគោរពទៅតាមការវាយតម្លៃរបស់សម្ដេចទៅលើសភាពការណ៍នានា ព្រោះបើកាលវាយតម្លៃខុស នឹងដាក់វិធានការណ៍ខុស ៕
