នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រាប់ឲ្យនាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ ៣

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រាប់ឲ្យលោកវរសេនីយ៍ឯក សោម សុភាវុធ នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ ៣ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅខេត្តកំពង់ធំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទីចូលរួមដឹកនាំពង្រឹង តំបន់ប្រតិបត្តិការសឹករងកំពង់ធំឱ្យបានរឹងមាំ និងរីកចម្រើន ដោយក្នុងនេះ ត្រូវយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ ៣ រួមមាន៖ ចូលរួមថែរក្សាសមិទ្ធផលរបស់ ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងបន្តសមិទ្ធផលទាំងនេះដើម្បីរៀបចំ ជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេនទៅមុខទៀត ៕
