សង្គ្រោះមនុស្សបាន ៤នាក់ និងបាត់ខ្លួនម្នាក់រកមិនទាន់ឃើញ ក្នុងករណីលិចទូកកណ្ដាលទន្លេមេគង្គ នៅស្រុកចិត្របុរី ខេត្តក្រចេះ

ភ្នំពេញ៖ មានហេតុការណ៍លិចទូកនៅកណ្ដាលទន្លេមេគង្គ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ បាត់ខ្លួន រហូតមកដល់ពេលនេះនៅរកមិនទាន់ឃើញនៅឡើយ ខណៈជនរងគ្រោះ៤នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់។
យោងតាមរបាយការណ៍នគរបាលបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ៥នាក់ បានធ្វើដំណើរតាមទូកចេញពីឃុំកោះច្រែង ទៅស្រុកព្រែកប្រសព្វ ដើម្បីទិញដែក ពេលត្រឡប់មកដល់ ឃុំកោះច្រែងវិញ ទន្លេមានខ្យល់បក់ខ្លាំង នាំឲ្យមានរលកធំៗបណ្តាលឲ្យទូកនោះលិចនៅកណ្តាលទន្លេ ប៉ុន្តែភ្លាមៗជនរងគ្រោះ៤នាក់ ត្រូវបានជួយសង្គ្រោះទាន់ ខណៈជនរងគ្រោះម្នាក់ទៀតរកមិនទាន់ឃើញនៅឡើយ។
ជនរងគ្រោះទាំង៥នាក់រួមមាន៖
*ទី១៖ ឈ្មោះ លន់ ខេមរា អាយុ១៧ឆ្នាំ (បានបាត់ខ្លួន)
*ទី២៖ ឈ្មោះ ម៉ក កក្កដា អាយុ១៧ឆ្នាំ (អ្នកបើកទូក) ត្រូវបានជួយសង្គ្រោះ
*ទី៣៖ ឈ្មោះ មាស បញ្ញា អាយុ១៩ឆ្នាំ (អ្នករួមដំណើរ) ត្រូវបានជួយសង្គ្រោះ
*ទី៤៖ ឈ្មោះ អូន សុភក្រ្ក អាយុ១៩ឆ្នាំ (អ្នករួមដំណើរ) ត្រូវបានជួយសង្គ្រោះ
*ទី៥៖ ឈ្មោះ ទិត្យ ជីវន្ត័ អាយុ១៦ឆ្នាំ (អ្នករួមដំណើរ) ត្រូវបានជួយសង្រ្គោះបានហើយ។ អ្នកទាំង៥នាក់រស់នៅឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមរបាយការណ៍បញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ លន់ ខេមរា ភេទប្រុស អាយុ១៧ឆ្នាំ គិតត្រឹមវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់នេះ នៅមិនទាន់រកឃើញនៅឡើយទេ ខណៈសមត្តកិច្ចកំពុងតែរុករកបន្ត ៕
