ឯកឧត្ដម ហ៊ុន ម៉ាណែត៖ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល បានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ។
ការថ្លែងរបស់ឯកឧត្ដមបែបនេះបានធ្វើឡើង ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្ដមបញ្ជាក់ថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ, កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញនូវធនធានមនុស្ស ដោយចាប់ផ្តើមពីបាតដៃទទេ។
ឯកឧត្ដមបណ្ឌិតបន្ថែមថា ពេលនោះ យើងមិនមានធនធានគ្រូបង្រៀនគ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែលទើបត្រូវបានរំដោះចេញពីរបបប៉ុលពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរទាំងអស់ត្រូវបានសម្លាប់ ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវការខ្វះខាតស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន, តុ, កៅអី, ក្តារខៀន និងសូម្បីតែដីស។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែអនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង៕


