ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវវ័យតែងទន្ទឹងរង់ចាំ អនាគតដ៏រុងរឿងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ដែលផ្តល់នូវសិទ្ធិសេរីភាព និងលំនឹងយូរអង្វែង ជាមួយឱកាសគ្រប់បែបយ៉ាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា យុវវ័យតែងទន្ទឹងរង់ចាំនូវ អនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលផ្តល់នូវសិទ្ធិសេរីភាព និងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង ។
ក្នុងពិធីប្រកាសបញ្ចូល សមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់នៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍៖ ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។
ឯកឧត្ដមបន្តថា ការសម្រេចចិត្តដ៏សំខាន់នេះ ក៏បានចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីនាំនាវាកម្ពុជាទៅត្រើយសុភមង្គល និងអភិវឌ្ឍន៍ភាពរីកចម្រើនថែមទៀត។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «យុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿង សប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលផ្តល់នូវសិទ្ធិសេរីភាព និងលំនឹងយូរអង្វែងជាមួយនឹងឱកាសគ្រប់បែបយ៉ាង រួមមាន៖ ឱកាសសិក្សារៀនសូត្រ, ឱកាសការងារតាមជំនាញវិជ្ជាជីវៈ, ឱកាសប្រកបអាជីវកម្មដើម្បីមានជីវភាពធូធារ និងឱកាសរួមរស់ជាមួយគ្រួសារប្រកបដោយភាពកក់ក្តៅ និងសុភមង្គល» ។
ឯកឧត្ដមបន្ថែមថា ក្នុងន័យនេះ ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្ស សូមយុវជនជាសមាជិក-សមាជិកាបក្ស រួមគ្នាថែរក្សាការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង។ ទន្ទឹមនេះ ក៏ត្រូវខិតខំធ្វើទំនើបកម្មទាំងលើចំណេះដឹង និងការកសាងសមត្ថភាព ឱ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ ៕

