សម្តេចតេជោ៖ ទឹកដីនេះជាទឹកដីកម្ពុជា កម្ពុជាមានសិទ្ធិ នឹងពង្រីកសមត្ថភាព កងទ័ពជើងទឹក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តើមានអ្វីខុស ដោយគ្រាន់តែកម្ពុជា ពង្រឹងសមត្ថភាពកងទ័ពជើងទឹក ឬអភិវឌ្ឍកំពង់ផែរាម ហើយទឹកដីនេះជាទឹកដីកម្ពុជា កម្ពុជាមានសិទ្ធិនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ។
ការថ្លែងរបស់ សម្តេចតេជោធ្វើឡើងបន្ទាប់ពីមានយុទ្ធនាការ ដែលបង្កើតឡើងដោយបរទេស និងអ្នកនយោបាយមួយចំនួន ក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា តាមប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងទៅនឹងការអភិវឌ្ឍកំពង់ផែរាម។
ក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេច បញ្ជាក់ថា «លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ យើងកំពុងពង្រឹងសមត្ថភាពកំពង់ផែយោធារបស់កម្ពុជាមានអីខុស? ទឹកដីនេះជាទឹកដីកម្ពុជា កម្ពុជាមានសិទ្ធិនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ជម្រៅទឹកដើមរបស់យើង ត្រឹមតែ២.៧ម៉ែត្រទេ ពេលនេះត្រូវតែបូមឱ្យជ្រៅ ហើយធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់ អត់មានទៅគម្រាមកំហែងនរណាទេ»។
សម្ដេចតេជោបន្តថា «អ្នកឯងគ្រាន់តែសំណាងកើតនៅក្នុងប្រទេសអ្នកមាន តែប៉ុណ្ណោះ ប៉ុន្តែខួរក្បាលអ្នកឯងអន់ណាស់ ដែលសរសេរ និងវិភាគបែបនេះ ចាំបាច់ទៅចុះតាមនាវាធ្វើអី បើព្រលានយន្តហោះកងកេងវានៅក្បែរនោះ ចុះលើគោកតែម្តងទៅវាមិនស្រួល បើសិនជាចង់ចុះ ហើយយើងឯកភាពឱ្យចិនចុះ»។
សម្តេចបន្ថែមថា សម្រាប់កំពង់ផែរាម យើងមានជម្រៅទឹកត្រឹម២.៧ម៉ែត្រ ចូលបានតែនាវាតូចៗ ហើយយើងត្រូវពង្រឹងកងទ័ពជើងទឹករបស់យើង។ សម្តេចបញ្ជាក់ទៀតថា «យើងទម្រាំយកទុនបានពីចិន ដើម្បីមកធ្វើនេះ មិនមែនជាការងាយទេ កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះ ទុនពីអ្នកនោះដើម្បីធ្វើតើ» ៕
