មកស្គាល់អ្នកថតវីដេអូជំនាញម្នាក់ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាត់បាល់ត្រូវកាលពីឆ្នាំ២០១៦
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០១៦ បានទាត់បាល់ត្រូវអ្នកថតវីដេអូម្នាក់ចំកណ្ដាលភ្លៅ ហើយវីដេអូត្រូវបានផ្ទុះការចាប់អារម្មណ៍ឡើងវិញនៅលើបណ្ដាញសង្គម Tik Tok និងត្រូវបាននាយករដ្ឋមន្ត្រីយកមកចែករំលែកលើទំព័រតេឡេក្រាមរបស់សម្ដេច។
កាលនោះគេគ្រប់គ្នាថា សម្ដេចតេជោ ទាត់ខុសទីបានជាត្រូវអ្នកថត តែការពិតទើបតែត្រូវបានសម្ដេចតេជោបញ្ជាក់នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា គឺជាចេតនារបស់សម្ដេចតែម្ដងតាមអ្នកឱ្យយោបល់ពីក្រោយ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាមសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានសរសេរថា “ធ្វើដំណើរតាមខេត្តឃើញក្មេងលេងបាល់ចុះទាត់សាកល្បងដោយបាល់ពិន័យ ១១ម៉ែត្រតែក្មេងអ្នកចាំទីចាប់បានទាំងអស់។ បាល់ចុងក្រោយចូលចំកណ្តាលភ្លៅអ្នកកាន់កាមេរ៉ាទៅវិញតែជាចេតនាទាត់តម្រង់តែម្តង បន្ទាប់ពីយោបល់អ្នកនៅខាងក្រោយ។ រូបភាពនេះនៅក្នុងខេត្តព្រះវិហារឆ្នាំ២០១៦”។
គូរឲ្យដឹងថា បុរសដែលត្រូវសម្ដេចតេជោទាត់បាល់ចំនោះមានឈ្មោះ វណ្ណ សុរ័ត្ន បច្ចុប្បន្នមានតួនាទីជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក ហើយបច្ចុប្បន្នគាត់មានភរិយា និងកូនមួយរូបផងដែរ៕