លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអាស៊ែបៃហ្សង់
ភ្នំពេញ៖ លោកជំទាវកិតិ្តសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កំពុងដឹកនាំគណៈប្រតិភូចូលរួមវេទិកាបាគូសកលលើកទី ១០ “The X Global Baku Forum” ដែលធ្វើឡើងក្រោមប្រធានបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ចាប់ពីថ្ងៃទី៧-១២ ខែមីនា ឆ្នាំ២០២៣។
នាថ្ងៃដំបូងនៃដំណើរចូលរួមវេទិកានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្រ្តីអាស៊ែបៃហ្សង់ នៅវិមានរដ្ឋាភិបាលអាស៊ែបៃហ្សង់។
វេទិកាខាងលើនេះ ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មួយសម្រាប់ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងក្នុងសកលលោក។
ក្នុងជំនួបពិភាក្សារវាងអនុប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់នាពេលនេះ បានបង្ហាញពីទស្សនវិស័យ ទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងវិស័យជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម មនុស្សធម៌ ជាដើម ៕