ប្រធានាធិបតីវៀតណាម វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។
ការវាយតម្លៃពីសំណាក់ប្រធានាធិបតីវៀតណាមបែបនេះ នៅក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចក្រឡាហោម និងគណៈប្រតិភូ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនសម្ដេច និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។
ឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានរដ្ឋ ក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា ក្រសួងទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទទួលបានលទ្ធផលប្រសើរថែមទៀត៕
