រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសារការីនៃសាធារណរដ្ឋបារាំង

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយឧត្តមក្រុមប្រឹក្សាសារការីបារាំង តំណាងដោយលោកសារការី Jean Deleage តំណាងឧត្តមក្រុមប្រឹក្សាសារការីបារាំង ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា, លោកជំទាវ Béatrice Balivet ទីប្រឹក្សាអមក្រសួងយុត្តិធម៌ ព្រមទាំងលោក Olivier Gout ព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Jean Moulin Lyon 3។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សំដៅជួយឱ្យវិជ្ជាជីវៈសារការីនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង។ តាមរយៈការអនុវត្តអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការថ្មីនេះ, ឧត្តមក្រុមប្រឹក្សាសារការីបារាំងនឹងជួយកម្ពុជាលើការងារសំខាន់ៗ ជាអាទិ៍៖
ទី១-ការជួយរៀបចំនូវក្របខណ្ឌគតិយុត្តដ៏រឹងមាំមួយសម្រាប់ការបង្កើត ការគ្រប់គ្រង និង ការអភិវឌ្ឍវិជ្ជាជីវៈសារការីនៅកម្ពុជាតាមប្រព័ន្ធឡាតាំងផង និងឱ្យសមស្របតាមតម្រូវការជាក់ស្តែងនៃសង្គមកម្ពុជាផង។
ទី២-ការបន្តលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់សិស្សសារការី និង សារការីដែលកំពុងប្រកបវិជ្ជាជីវៈ សំដៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការប្រកបវិជ្ជាជីវៈសារការីនៅកម្ពុជាឱ្យកាន់តែទទួលបានជំនឿទុកចិត្ត និង ការទទួលស្គាល់កាន់តែទូលំទូលាយពីសាធារណជន។
ទី៣-ការជួយរៀបចំច្បាប់ និង លិខិតបទដ្ឋានគតិយុត្តសម្រាប់ការបង្កើត និង គ្រប់គ្រងវិជ្ជាជីវៈសន្ធានការី ដែលជាវិជ្ជាជីវៈថ្មីមួយសម្រាប់កម្ពុជា ៕
