ក្រសួងបរិស្ថាន នឹងជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ពិសេសអ្នកមានដើមទុន ចូលរួមបន្ថែមទៀត ក្នុងការជំរុញលើការកែច្នៃសំណល់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន នឹងជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម ជាពិសេសអ្នកដែលមានដើមទុន ចូលរួមបន្ថែមទៀតនៅក្នុងការជំរុញ លើការកែច្នៃសំណល់ ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា វេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្តីពី 3Rនិងសេដ្ឋកិច្ចចក្រាឬជាសេដ្ឋកិច្ចវិលជុំនេះគឺយើងមានការចូលរួម តាំងពិព័រណ៍ពីសំណាក់អាជីវករ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើកិច្ចការងារពាក់ព័ន្ធនឹងបរិស្ថាននៅក្នុងនោះគឺ៖
១- មានការចូលរួមពីក្រុមហ៊ុនដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថានពាក់ពន្ធ័ជាមួយនឹងការប្រមូលនូវកាកសំណល់អេឡិចត្រូនិកនិងសម្ភារៈប្រើប្រាស់ដូចជា៖ កុំព្យូទ័រ អាគុយជាដើម
២- មានការចូលរួមពីអង្គការដែលគាត់បានធ្វើការកែច្នៃផលិតឥដ្ឋអេកូដែលមានមូលដ្ឋាននៃសារធាតុផ្សំពីសារធាតុប្លាស្ទិក មានន័យថាសំណល់ប្លាស្ទិកដែលកិនកម្ទេចចោលគឺបញ្ចូលទៅក្នុងសារធាតុប្រមាណជា៣០ភាគរយនៃការផលិតឥដ្ឋមួយដុំ
៣- មានការចូលរួមពីគម្រោងនៃការកែច្នៃកាកសំណល់ ការផលិតពីចានអេកូដែលធ្វើពីដើមចេក ការបង្កើតជីកំប៉ុសដែលធ្វើពីអាចម៌ជន្លេន និងការ កែច្នៃផ្នែកជីសម្រាប់កសិកម្មពីសរីរាង្គជាដើម។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ថែមថាយើងនឹងជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម និងអ្នកដែលមានដើមទុនគួរតែចូលរួមបន្ថែមទៀតនៅក្នុងការជំរុញទៅលើការកែច្នៃទៅលើសំណល់ ។ កម្ពុជាយើងបច្ចុប្បន្ននេះបើយើងនិយាយពីសំណល់គឺមួយថ្ងៃមានសំណល់ដែលបង្កើតឡើងជាង១ម៉ឺនតោន ហើយនៅក្នុងនោះគឺមួយឆ្នាំមានរហូតទៅដល់ជាង៤លានតោន។
បច្ចុប្បន្ននេះសំណល់ត្រឹមតែ៥០ទៅ៦០ភាគរយទេដែលត្រូវបានប្រមូលហើយយកទៅចាក់ស្ទើរតែទាំងអស់នៅទីលានចាក់សំរាមដោយនៅក្នុងនោះការកែច្នៃរបស់យើងនៅមានកម្រិតនៅឡើយគឺមានប្រមាណជា១០ទៅ១៥ភាគរយធ្វើឲ្យបរិមាណសំរាមរបស់យើងគឺមានការកើនឡើងហើយការយកសំរាមទៅបោះចោលនៅលើទីលានក៏វាច្រើនដែលធ្វើឲ្យយើងខាតនូវតម្លៃសេដ្ឋកិច្ច។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា ការដាក់ចុះនូវវិធានការផ្សេងៗរួមទាំងការជំរុញឲ្យមានការកែច្នៃឡើងវិញនេះគឺជាការដកផលចំណេញពីសេដ្ឋកិច្ចលើសំណល់ដែលបានបង្កើតឡើង ហើយក៏ចូលរួមនៅក្នុងការការពារបរិស្ថានផងដែរ ៕
