រដ្ឋលេខាធិការក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ទាំងសារព័ត៌មានក្រៅស្រុក ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុក ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ឯកឧត្ដម ប៉ែន បូណា បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះគេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុតជាមុនសិន។
ឯកឧត្ដម ប៉ែន បូណាបន្តថា កាលពីជំនាន់ប៉ុល ពត ខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ដោយគ្រាន់តែសង្ស័យហើយចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ។
ទន្ទឹមនិងនោះឯកឧត្ដមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផងសូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ។
គួរបញ្ជាក់ថា ក្រោយចូលកាន់ដំណែងរដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រមាណ២ខែ ឯកឧត្ដម ប៉ែន បូណា ត្រូវបានឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចចាត់តាំងប្រគល់ភារកិច្ច ឲ្យទទួលបន្ទុក ការ ងារ សម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារ សមាគមសារព័ត៌មាន៕
