ក្បាលដីជាង ១,៦០០ក្បាលដី នៅភូមិចំនួន២ ក្នុងស្រុកស្អាង ត្រូវបានមន្ទីររៀបចំដែនដីខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យជូនពលរដ្ឋជាម្ចាស់កម្មសិទ្ធ

ភ្នំពេញ៖ ក្បាលដីចំនួន ១,៦៦៧ក្បាលដី ក្នុងភូមិអូររំចេក និងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងអូររំចេក និងភូមិបារ៉ែនក្រោម សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា។
លោកបន្តថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី ៣០ខែកុម្ភះ ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។
លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការ ស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះ សូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។
លោក សេង ស៊ុមផាហ៊ី អភិបាលរងស្រុកស្អាង បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយ បានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពី សិទ្ធិជាម្ចាស់ដីស្របច្បាប់ ៕
