ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរថ្នាក់ដឹកនាំ នាយទាហានកងទ័ពជើងគោក ដែលខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរថ្នាក់ដឹកនាំ នាយទាហានកងទ័ពជើងគោក ដែលខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ។
ឧត្តមសេនីយ៍ឯកបានលើកឡើងបែបនេះ នៅក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ឯក បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំ២០២២ កន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ រួមមាន ការបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។
ឯកឧត្ដម ឧត្តមសេនីយ៍ឯកបន្ថែមថា ស្នាដៃ និងសមិទ្ធផលការងារដែលសម្រេចបានមកនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនយើង ក្នុងការតស៊ូប្រឹងប្រែងបំពេញតួនាទី-ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ នយោបាយការពារជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ៕
